ស្នងការខេត្តកណ្តាល ឆ្លើយតបបំភ្លឺព័ត៌មាន ករណីប៉ុនប៉ង រំ លោ-ភ បងថ្លៃ តេង ដាណា….

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ គណនីឈ្មោះ Kelvin និងសារព័ត៌មាន TV News បានបង្ហោះ និងចុះផ្សាយ មានខ្លឹមសារថា

«សូមជួយបងស្រីខ្ញុំផងបងប្អូន ខ្ញុំបាទ សម្បត្តិ មធូរ៉ា ជាប្អូនប្រុសបង្កើតរបស់ឈ្មោះ សម្បត្តិ លក្ខិណា ដែលជាជនរងគ្រោះក្នុងហេតុការណ៍ប៉ុនប៉ង រំ លោភ សេព សន្ថវៈ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ2021 នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តមស្នងការ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូនបងស្រីខ្ញុំ និងគ្រួសាររបស់ខ្ញុំក្នុងករណីខាងលើនេះផង ព្រោះមកដល់ពេលនេះគឺមិនទាន់មានចំណាត់ការអ្វីនៅឡើយទេ ហើយបងស្រីរបស់ខ្ញុំក៏បានដាក់ពាក្យបណ្ដឹងរួចផងដែរប៉ុន្តែស្ថានភាពគឺស្ងប់ស្ងាត់គ្មានដំណឹងអ្វីទាំងអស់មកបងស្រីរបស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថាយុត្តិធម៌គឺមានសម្រាប់បងស្រីរបស់ខ្ញុំ

ព្រោះពេលនេះស្ថានភាពស្មារតីរបស់គាត់គឺមានការប៉ះពាល់ជាខ្លាំង ក្រោយទទួលហេតុការណ៍ខាងលើមកលើរូបគាត់។ ខ្ញុំសង្ឃឹមថាឯកឧត្តមស្នងការខេត្តមេត្តាជ្រាប និងជួយដល់បងស្រីរបស់ខ្ញុំ ព្រោះខ្ញុំដឹងច្បាស់ថា ឯកឧត្តមស្នងការ លោកប្រកាន់គោលជំហរបម្រើរាស្រ្ត និងបំពេញតួនាទីរបស់លោកកន្លងមកល្អណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តមានភាពសប្បាយរីករាយដែលមានលោកជាស្នងការក្នុងខេត្តកណ្ដាលនេះ

ដូច្នេះខ្ញុំ និងក្រុមគ្រួសារ គឺមានតែលើកម្រាមដៃដប់សំពះសុំយុត្តិធម៌ពីឯកឧត្តមស្នងការជួយបងស្រីរបស់ខ្ញុំផង ។ ខ្ញុំសុំឲ្យបងប្អូនមេត្តាជួយ Share សារមួយនេះផងដើម្បីជួយរកយុត្តិធម៌ឲ្យបងស្រីខ្ញុំ ដោយក្ដីគោរពពីខ្ញុំ និងគ្រួសារ (បងស្រី!! ប្អូននឹងរកយុត្តិធម៌ជូនបង បងត្រូវរឹងមាំ និងថែរក្សាសុខភាពរបស់បង កុំគិតច្រើន!! បងនឹងទទួលបានភាពយុត្តិធម៌ឆាប់ៗនេះ»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាកខេត្តកណ្តាល ចាត់ឲ្យក្រុមការងារប្រតិកម្មរហ័ស និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្រាវជ្រាវបំភ្លឺករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖

– ករណី : ប៉ុនប៉ងរំ លោ ភ សេ ព សន្ថវៈ

– កើតហេតុ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី

-ចំណុចផ្ទះជនរងគ្រោះ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

-ជនរងគ្រោះឈ្មោះ សម្បត្តិ លក្ខិណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ ឃុំកើតហេតុ។

-ជនសង្ស័យឈ្មោះ JIMMY (ជីមី) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ ឃុំកើតហេតុ។

+វត្ថុតាងចាប់យករួមមាន៖

-លិខិតឆ្លងដែនលេខ C3926016 របស់ឈ្មោះ JIMMY ចំនួន០១។

-កូនសោ ចំនួន០១ចង្កោម (៧កូនសោ)។

ករណីនេះក្រោយពីកើតហេតុភ្លាម ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរថ្ឋបាលសំពៅពូន។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួច កម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ចុះស្រាវជ្រាវទីកន្លែងកើតហេតុ នាំខ្លួនឈ្មោះJIMMY (ជីមី) មកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរតាមនីតិវិធី។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៧និង២៩នាទី យោងតាមបញ្ជារបស់ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យមេធាវីការពារក្តី ធានាយកឈ្មោះ JIMMY (ជីមី) ត្រឡប់ទៅលំនៅដ្ឋានវិញ។ ហើយនៅរសៀលថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ JIMMY (ជីមី) ត្រូវបានលោកមេធាវី ហួត សុខជា អត្តលេខ ២០៤០ សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ជាមេធាវីក្រុមមេធាវី ប៊ី ធី ស៊ី និងសហការី ធានាយកទៅលំនៅដ្ឋានវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយមកកម្លាំងផ្នែកជំនាញ នៃអធិការនគរបាលស្រុកកោះធំ បានស៊ើបអង្កេតកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងកាជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ បន្ទាប់ពីការិយាល័យជំនាញពិនិត្យត្រឹមត្រូវតាមនីតិវិធី បានបញ្ជូនសំណុំរឿងនេះ ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ រួចរាល់។ បច្ចុប្បន្នករណីនេះ ជាចំណាត់ការរបស់តុលាការ។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕